លោកុប្បត្តិ 23:1-7 KHOV

1 នាង​សារ៉ា​អាយុ​បាន​១២៧​ឆ្នាំ នោះ​ជា​ចំនួន​នៃ​ឆ្នាំ​អាយុ​របស់​នាង

2 រួច​នាង​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា​ទៅ គឺ​ជា​ហេប្រុន​នៅ​ក្នុង​ស្រុក​កាណាន អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា

3 រួច​គាត់​ក្រោក​ចេញ​ពី​មុខ​សព ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​ហេត​ថា

4 ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​កន្លែង​កប់​ខ្មោច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ចេញ​ទៅ​កប់

5 នោះ​ពួក​កូន​ចៅ​ហេត​គេ​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​ថា

6 លោក​ម្ចាស់​អើយ សូម​ស្តាប់​យើង​ខ្ញុំ លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ដូច្នេះ សូម​ឲ្យ​លោក​កប់​សព​របស់​ប្រពន្ធ​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ ក្នុង​ពួក​យើង​ខ្ញុំ​នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ប្រកែក​ថា មិន​ឲ្យ​លោក​កប់​ខ្មោច​នៅ​ក្នុង​ផ្នូរ​របស់​យើង​ខ្ញុំ​នោះ​ទេ

7 នោះ​អ័ប្រា‌ហាំ​ក្រោក​ឡើង ឱន​គោរព​ចំពោះ​អស់​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ