10 បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
11 គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក
12 រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះសូមប្រោសមេត្តាដល់ទូលបង្គំ សូមសំដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
13 មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
14 នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។
15 កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16 នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ