លោកុប្បត្តិ 24:2-8 KHOV

2 នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ

3 អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ

4 គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ និង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ

5 បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី

6 អ័ប្រា‌ហាំ​ប្រាប់​ថា ចូរ​ឯង​ប្រយ័ត្ន កុំ​ឲ្យ​នាំ​កូន​អញ​ត្រឡប់​ទៅ​ឯ​ណោះ​វិញ​ឡើយ

7 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​អញ​ចេញ​ពី​ផ្ទះ​ឪពុក​អញ ហើយ​ពី​ស្រុក​កំណើត​របស់​អញ​មក ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អញ ទាំង​ស្បថ​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ព្រះ‌អង្គ​នោះ​ទ្រង់​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ

8 បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ឯង​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​ឯង​ស្បថ​នឹង​អញ​នេះ ប៉ុន្តែ​កុំ​ឲ្យ​ឯង​នាំ​កូន​អញ​ទៅ​ឯ​ណោះ​ឡើយ