35 ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនឹងលា
36 ឯលោកយាយសារ៉ាជាប្រពន្ធរបស់ចៅហ្វាយខ្ញុំ នោះបានបង្កើតកូនប្រុស១ឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកចាស់ហើយ លោកក៏បានចែករបស់ទ្រព្យទាំងអស់ដល់កូននោះ
37 ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ
38 តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនឹងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ
39 ខ្ញុំបានជំរាបចៅហ្វាយខ្ញុំថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំទេ
40 នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត
41 ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ