លោកុប្បត្តិ 24:48-54 KHOV

48 ខ្ញុំ​បាន​ឱន​ក្រាប​ថ្វាយ‌បង្គំ ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ទ្រង់​បាន​នាំ​ដំរង់​ខ្ញុំ​តាម​ផ្លូវ​រៀង​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង​ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​ដល់​កូន​លោក

49 ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅ‌ហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ‌ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ទៀត។

50 នោះ​ឡាបាន់ និង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

51 មើល រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក

52 កាល​បាវ​របស់​អ័ប្រា‌ហាំ​បាន​ឮ​ដូច្នោះ នោះ​គាត់​ក៏​ឱន​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

53 រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សំលៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​ដំឡៃ ទៅ​បង​នាង និង​ម្តាយ​នាង​ដែរ

54 រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ