26 បន្ទាប់នោះ កូនប្អូនក៏ចេញមក ទាំងមានដៃកាន់កែងជើងអេសាវ នោះគេឲ្យឈ្មោះថាយ៉ាកុប ឯអ៊ីសាកគាត់មានអាយុ៦០ឆ្នាំហើយ ក្នុងកាលដែលនាងបង្កើតកូនមក
27 កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ
28 អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
29 សម័យ១យ៉ាកុបកំពុងតែស្លសំឡ នោះអេសាវមកពីវាលទាំងហេវ
30 ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ
31 តែយ៉ាកុបនិយាយថា សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន
32 នោះអេសាវឆ្លើយថា បងស្លាប់ឥឡូវហើយ ដូច្នេះ តើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត