18 រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ
19 ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ
20 ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់
21 នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា
22 គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចំរើនឡើងក្នុងស្រុកនេះ
23 រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា
24 ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានព្រះបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះ កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនឹងឲ្យពរទាំងចំរើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបំរើអញ