4 អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនឹងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង
5 ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្ត ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ។
6 នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា
7 ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសំឡាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់
8 កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ
9 អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង
10 អ័ប៊ីម៉្មាឡិចមានព្រះបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ