លោកុប្បត្តិ 27:26-32 KHOV

26 អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ

27 យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ

28 សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង

29 ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅ‌ហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។

30 កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ

31 គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

32 នោះ​អ៊ីសាក​ឪពុក​គាត់​សួរ​ថា ចុះ​ឯង​ជា​អ្នក​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក