លោកុប្បត្តិ 28:8-14 KHOV

8 ដូច្នេះ អេសាវ​យល់​ថា កូន​ស្រី​កាណាន​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​អ៊ីសាក​ជា​ឪពុក​ខ្លួន​ទេ

9 នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ា‌អែល ចៅ​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

10 ឯ​យ៉ាកុប គាត់​ចេញ​ពី​បៀរ-សេបា ទៅ​ឯ​ខារ៉ាន

11 បាន​ដល់​កន្លែង​១ ក៏​សំណាក់​នៅ​ទី​នោះ​១​យប់ ពី​ព្រោះ​ថ្ងៃ​លិច​ហើយ គាត់​យក​ថ្ម​នៅ​ទី​នោះ​មក​កើយ​ក្បាល​ដេក​លក់​ទៅ

12 គាត់​យល់​សប្តិ​ឃើញ​ថា មាន​ជណ្តើរ​១​បញ្ឈរ​នៅ​លើ​ដី មាន​ចុង​ទល់​នឹង​ផ្ទៃ​មេឃ ក៏​ឃើញ​មាន​ពួក​ទេវតា​របស់​ព្រះ​ឡើង​ចុះ​តាម​ជណ្តើរ​នោះ

13 ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​ពី​លើ​ជណ្តើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ឯង ហើយ​ជា​ព្រះ​នៃ​អ៊ីសាក ឯ​ដី​ដែល​ឯង​ដេក​នៅ​នេះ អញ​នឹង​ឲ្យ​ដល់​ឯង ហើយ​នឹង​ពូជ​ឯង​ត​ទៅ

14 ពូជ​ឯង​នឹង​មាន​គ្នា​ច្រើន​ដូច​ជា​ធូលី​ដី ហើយ​ឯង​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង ហើយ​ខាង​ត្បូង គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង និង​ពូជ​ឯង