លោកុប្បត្តិ 3:8-14 KHOV

8 រួច​មក​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួន‌ច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។

9 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅ​រក​អ័ដាម​ដោយ​ព្រះ‌បន្ទូល​ថា ឯង​នៅ​ឯ​ណា

10 គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួន‌ច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹក​ភ័យ​ខ្លាច ពី​ព្រោះ​នៅ​ខ្លួន​ទទេ

11 នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​ប្រាប់​ឲ្យ​ឯង​ដឹង​ថា ឯង​នៅ​ខ្លួន​ទទេ​ដូច្នេះ តើ​ឯង​បាន​ស៊ី​ផ្លែ​ឈើ​ដែល​អញ​ហាម​មិន​ឲ្យ​ស៊ី​ឬ​អី

12 អ័ដាម​ទូល​ទ្រង់​ថា ស្ត្រី​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ វា​ឲ្យ​ផ្លែ​ឈើ​នោះ​មក​ទូល‌បង្គំ ទូល‌បង្គំ​ក៏​ទទួល​ទាន​ទៅ

13 រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ស្ត្រី​ថា ឯង​បាន​ធ្វើ​អ្វី​ដូច្នោះ នាង​ទូល​ឆ្លើយ​ថា ពស់​វា​មក​ល្បួង​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​បាន​ទទួល​ទាន

14 រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពស់​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ នោះ​នៅ​ក្នុង​អស់​ទាំង​ពួក​សត្វ​ស្រុក សត្វ​ព្រៃ ឯង​ជា​សត្វ​ត្រូវ​បណ្តាសា​ហើយ គឺ​ឯង​ត្រូវ​លូន​តែ​នឹង​ពោះ ហើយ​ត្រូវ​ស៊ី​ធូលី​ដី​អស់​១​ជីវិត