លោកុប្បត្តិ 30:15-21 KHOV

15 តែ​លេអា​ឆ្លើយ​ថា ដែល​ឯង​ដណ្តើម​យក​ប្ដី​អញ នោះ​តើ​ជា​ការ​ស្រាល​ឬ បាន​ជា​ឥឡូវ​ចង់​យក​ផ្លែ​ស្នេហ៍​របស់​កូន​អញ​ទៅ​ទៀត រ៉ាជែល​និយាយ​ថា​បើ​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​មក​ខ្ញុំ នោះ​ឲ្យ​ប្ដី​យើង​ដេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​ចុះ

16 ដល់​ល្ងាច​កាល​យ៉ាកុប​វិល​មក​ពី​ចំការ​វិញ នោះ​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា អ្នក​ត្រូវ​អញ្ជើញ​ចូល​ទៅ​ឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​អ្នក​ដោយ​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​ហើយ ដូច្នេះ គាត់​ក៏​ដេក​ជា​មួយ​នឹង​នាង​ក្នុង​យប់​នោះ​ទៅ

17 ព្រះ​ទ្រង់​ក៏​ស្តាប់​តាម​លេអា ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប

18 នោះ​លេអា​គិត​ថា ព្រះ​ទ្រង់​បាន​ប្រទាន​រង្វាន់​មក​អញ ពី​ព្រោះ​អញ​បាន​ឲ្យ​បាវ​ស្រី​ទៅ​ប្ដី​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា អ៊ីសាខារ

19 នាង​ក៏​មាន​ទំងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​៦​ឲ្យ​យ៉ាកុប

20 នោះ​នាង​គិត​ថា ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​យ៉ាង​ល្អ​មក​អញ ម្តង​ណេះ​ប្ដី​អញ​នឹង​នៅ​ជា​មួយ​នឹង​អញ ដោយ​ព្រោះ​អញ​បាន​បង្កើត​កូន​៦​ឲ្យ​គាត់​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា សាប់‌យូ‌ល៉ូន

21 ក្រោយ​នោះ​មក នាង​បង្កើត​បាន​កូន​ស្រី​១ ក៏​ឲ្យ​ឈ្មោះ​ថា ឌីណា។