21 គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ ដំរង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
22 លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជំរាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ
23 ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត
24 នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត្ន កុំឲ្យឯងនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
25 នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់ និងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ
26 ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង
27 ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចំរៀង និងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ