24 នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត្ន កុំឲ្យឯងនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
25 នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់ និងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ
26 ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង
27 ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចំរៀង និងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ
28 ឯងមិនបានឲ្យអញថើបលាកូនចៅរបស់អញសោះ ដូច្នេះ ឯងបានប្រព្រឹត្តបែបចំកួតហើយ
29 អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯង ទ្រង់មានព្រះបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត្ន កុំឲ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
30 ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង