លោកុប្បត្តិ 31:26-32 KHOV

26 ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា ដូច​ម្តេច​បាន​ជា​ឯង​ធ្វើ​ដូច្នេះ គឺ​ដែល​ឯង​ចេញ​មក​ដោយ​លួច‌លាក់​មិន​ឲ្យ​អញ​ដឹង​សោះ ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​អញ​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ​ផង

27 ហេតុ​អ្វី​បាន​ជា​ឯង​លួច​រត់​ចេញ​មក​ពី​អញ​ដោយ​ស្ងាត់​កំបាំង​ដូច្នេះ ឥត​ប្រាប់​ឲ្យ​អញ​ដឹង​ផង ដើម្បី​ឲ្យ​អញ​បាន​ជូន​មក​ដោយ​សេចក្ដី​អំណរ គឺ​ដោយ​ច្រៀង​ចំរៀង និង​បន្ទរ​ក្រាប់ ព្រម​ទាំង​ចាប់​ស៊ុង​ដែរ

28 ឯង​មិន​បាន​ឲ្យ​អញ​ថើប​លា​កូន​ចៅ​របស់​អញ​សោះ ដូច្នេះ ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត​ហើយ

29 អញ​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ពី​យប់​មិញ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

30 ឥឡូវ​នេះ ឯង​បាន​ចេញ​មក ពី​ព្រោះ​តែ​ឯង​រឭក​ដល់​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​ព្រះ​របស់​អញ​មក​ផង

31 នោះ​យ៉ាកុប​ឆ្លើយ​ទៅ​ឡាបាន់​ថា ពី​ព្រោះ​ខ្ញុំ​ខ្លាច ទាំង​គិត​ក្រែង​លោ​លោក​ឪពុក​ដក​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​អំណាច

32 បើ​លោក​ឪពុក​រក​ឃើញ​មាន​ព្រះ​ទាំង​នោះ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​នៅ​រស់​ទៀត​ទេ សូម​ឆែក‌ឆេរ​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​នេះ​ចុះ មើល​បើ​មាន​របស់​ណា ជា​របស់​ផង​លោក​ឪពុក នៅ​នឹង​ខ្ញុំ នោះ​សូម​យក​វិញ​ចុះ ឯ​យ៉ាកុប​គាត់​មិន​ដឹង​ជា​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ