34 ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ
35 រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។
36 ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ
37 លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនឹងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជំរះពីរឿងយើងទាំងនេះ
38 នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ
39 សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី
40 ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់