លោកុប្បត្តិ 31:42-48 KHOV

42 បើ​ព្រះ​នៃ​ឪពុក​ខ្ញុំ គឺ​ព្រះ​នៃ​អ័ប្រា‌ហាំ ដែល​អ៊ីសាក​បាន​កោត‌ខ្លាច ទ្រង់​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​ហើយ ព្រះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ បាន​ជា​ទ្រង់​បន្ទោស​ដល់​លោក​ឪពុក​ពី​យប់​មិញ​នេះ។

43 នោះ​ឡាបាន់​ឆ្លើយ​ទៅ​យ៉ាកុប​ថា ស្ត្រី​ទាំង​នេះ​ជា​កូន​អញ ហើយ​ក្មេង​ទាំង​នេះ​ក៏​ជា​ចៅ​អញ ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​អញ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​ឃើញ​ក៏​ជា​របស់​ផង​អញ​ទាំង​អស់​ដែរ តែ​នៅ​ថ្ងៃ​នេះ តើ​អញ​នឹង​ធ្វើ​អ្វី​ដល់​កូន​អញ ហើយ​នឹង​កូន​ដែល​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន

44 ដូច្នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នឹង​ទុក​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ

45 នោះ​យ៉ាកុប​គាត់​យក​ថ្ម​១​មក​បញ្ឈរ​ធ្វើ​ជា​បង្គោល

46 ហើយ​ប្រាប់​ដល់​បង​ប្អូន​ថា ចូរ​យក​ថ្ម​មក នោះ​គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​នោះ

47 ឡាបាន់​គាត់​ហៅ​គំនរ​ថ្ម​នោះ​ថា យេការ-សាហាឌូថា តែ​យ៉ាកុប​ហៅ​ថា កាលេឌ វិញ

48 រួច​ឡាបាន់​និយាយ​ថា គំនរ​ថ្ម​នេះ​ជា​ទី​បន្ទាល់​ដល់​ឯង ហើយ​នឹង​អញ​នៅ​ថ្ងៃ​នេះ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា កាលេឌ ហើយ​មីសប៉ា