លោកុប្បត្តិ 32:16-22 KHOV

16 គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ

17 គាត់​ក៏​បង្គាប់​ដល់​អ្នក​ដែល​ដើរ​មុន​គេ​ថា កាល​ណា​អេសាវ​បង​អញ​មក​ជួប​នឹង​ឯង ហើយ​សួរ​ថា ឯង​ជា​ពួក​របស់​អ្នក​ណា ហើយ​ទៅ​ឯ​ណា តើ​ហ្វូង​សត្វ​នៅ​មុខ​ឯង​ទាំង​នេះ​ជា​របស់​ផង​អ្នក​ណា

18 នោះ​ត្រូវ​ជំរាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បំរើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ

19 គាត់​បង្គាប់​អ្នក​ទី​២​ដូច្នោះ​ដែរ ព្រម​ទាំង​អ្នក​ទី​៣ និង​ពួក​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ផង​ថា កាល​ណា​ឃើញ​អេសាវ នោះ​ចូរ​ជំរាប​តាម​ពាក្យ​នេះ​ដូច​គ្នា

20 គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

21 ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន​គាត់ តែ​ឯ​ខ្លួន​គាត់ បាន​ដេក​នៅ​ក្នុង​ទី​សំណាក់​នោះ​១​យប់​សិន

22 រួច​គាត់​ក្រោក​ឡើង​ទាំង​យប់​នាំ​យក​ប្រពន្ធ​ទាំង​២ និង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ