លោកុប្បត្តិ 33:2-8 KHOV

2 គាត់​ឲ្យ​បាវ​ស្រី​ទាំង​២ និង​កូន​គេ​ដើរ​ទៅ​មុន បន្ទាប់​មក លេអា និង​កូន​នាង រួច​រ៉ាជែល និង​យ៉ូសែប​ជា​ខាង​ក្រោយ​បង្អស់

3 ខ្លួន​គាត់​ក៏​ដើរ​ទៅ​ខាង​មុខ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​៧​ដង ទាល់​តែ​ជិត​ដល់​បង

4 អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់

5 នោះ​អេសាវ​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា អ្នក​ទាំង​នេះ​ដែល​នៅ​នឹង​ឯង តើ​ជា​អ្នក​ណា យ៉ាកុប​ឆ្លើយ​ថា នោះ​គឺ​ជា​កូន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បំរើ​របស់​បង។

6 បាវ​ស្រី​ទាំង​២ និង​កូន​គេ​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ទាំង​អស់​គ្នា

7 បន្ទាប់​មក លេអា និង​កូន​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ ក្រោយ​នោះ​យ៉ូសែប និង​រ៉ាជែល​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ដែរ

8 គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង