លោកុប្បត្តិ 34:23-29 KHOV

23 ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ

24 ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

25 ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន និង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ

26 គេ​សំឡាប់​ហាម៉ោរ និង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក

27 ឯ​ពួក​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ក៏​មក​ដល់​ខ្មោច​ស្លាប់​ទាំង​នោះ ហើយ​ប្លន់​ទី​ក្រុង ដោយ​ព្រោះ​តែ​បាន​បង្ខូច​ប្អូន​ស្រី​គេ

28 គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចំការ​របស់​អ្នក​ទាំង​នោះ​ផង

29 គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​ប្លន់​យក​ទាំង​អស់ គឺ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង