24 ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។
25 ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន និងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ
26 គេសំឡាប់ហាម៉ោរ និងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក
27 ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ
28 គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចំការរបស់អ្នកទាំងនោះផង
29 គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង
30 នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ និងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ