លោកុប្បត្តិ 34:25-31 KHOV

25 ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន និង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ

26 គេ​សំឡាប់​ហាម៉ោរ និង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក

27 ឯ​ពួក​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ក៏​មក​ដល់​ខ្មោច​ស្លាប់​ទាំង​នោះ ហើយ​ប្លន់​ទី​ក្រុង ដោយ​ព្រោះ​តែ​បាន​បង្ខូច​ប្អូន​ស្រី​គេ

28 គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចំការ​របស់​អ្នក​ទាំង​នោះ​ផង

29 គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​ប្លន់​យក​ទាំង​អស់ គឺ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង

30 នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ និង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ

31 តែ​គេ​ឆ្លើយ​ថា តើ​គួរ​គប្បី​ដែរ​ឬ​ឲ្យ​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​យើង​ដូច​ជា​ស្រី​សំផឹង​ដូច្នេះ។