7 តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ
8 នោះយូដាគាត់និយាយនឹងអូណាន់ថា ចូរឲ្យចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីនឹងសំរេចកិច្ចតាមរបៀបច្បាប់របស់ប្អូនថ្លៃដល់នាង ហើយយកនាងបង្កើតពូជឲ្យបងឯងចុះ
9 តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ
10 អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ
11 នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។
12 លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ
13 មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ