1 រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ
2 ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ
3 ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់
4 យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបំរើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់
5 ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ និងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ និងនៅស្រែចំការដែរ
6 លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។
7 កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាម មើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ