លោកុប្បត្តិ 39:6-12 KHOV

6 លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។

7 កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅ‌ហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ

8 តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅ‌ហ្វាយ​ខ្លួន​ថា មើល ចៅ‌ហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ នៅ​នឹង​ខ្ញុំ ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ

9 គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ក្នុង​ផ្ទះ​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង

10 ឯ​នាង​ចេះ​តែ​និយាយ​នឹង​យ៉ូសែប​ជា​រាល់​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម និង​ទៅ​ដេក​ជា​មួយ​នឹង​នាង ឬ​នឹង​ទៅ​ជិត​នាង​សោះ

11 មាន​កាល​១​ថ្ងៃ​នោះ គាត់​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ

12 នោះ​នាង​ក៏​ចាប់​អាវ​គាត់ ទាំង​និយាយ​ថា មក​ដេក​នឹង​អញ​សិន តែ​គាត់​រលាស់​អាវ​ចោល នៅ​ដៃ​នាង រត់​ចេញ​ទៅ​ក្រៅ​ទៅ