លោកុប្បត្តិ 4:15-21 KHOV

15 តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ដូច្នេះ​បើ​អ្នក​ណា​ដែល​សំឡាប់​ឯង នោះ​នឹង​ត្រូវ​ទោស​១​ជា​៧​សួន​រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដៅ​ចំណាំ​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់​បាន​សំឡាប់​បង់​ឡើយ។

16 នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ។

17 ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន

18 អេណុក​បង្កើត​បាន​អ៊ីរ៉ាឌៗ​បង្កើត​មហ៊ូ‌យ៉ែលៗ​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក

19 ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា

20 នាង​អ័ដា​បង្កើត​បាន​យ៉ាបាល​ដែល​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ

21 ប្អូន​គាត់​ឈ្មោះ​យូបាល ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង និង​ខ្លុយ