8 គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។
9 នោះនាយពិសេសថ្វាយពែងក៏រ៉ាយរ៉ាប់សប្តិប្រាប់យ៉ូសែបថា ឯក្នុងសប្តិខ្ញុំ ឃើញមានដើមទំពាំងបាយជូរនៅត្រង់មុខខ្ញុំ
10 ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ
11 ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់
12 ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ
13 នៅ៣ថ្ងៃទៀតផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម
14 កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង