25 យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ
26 ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ
27 គោញីសំគមហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមក នោះគឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់
28 គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសំដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ
29 គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ
30 រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ
31 គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់