37 សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់ទាំងអស់គ្នា
38 នោះផារ៉ោនទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន
39 រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសំដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានដំរិះមានប្រាជ្ញាដូចឯងនេះទេ
40 គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើជនជាតិរបស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ
41 រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ
42 ផារ៉ោនទ្រង់ដោះព្រះទំរង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសំលៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
43 ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល