លោកុប្បត្តិ 41:38-44 KHOV

38 នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន

39 រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ

40 គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ

41 រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ

42 ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង

43 ទ្រង់​ឲ្យ​គាត់​ជិះ​រាជ‌រថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា ចូរ​ក្រាប​ចុះ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ​ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល

44 ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ