លោកុប្បត្តិ 41:44-50 KHOV

44 ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ

45 ផារ៉ោន​ក៏​ហៅ​ឈ្មោះ​យ៉ូសែប​ថា សាប់‌ន៉ាត់-ផានា ក៏​ឲ្យ​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ រួច​យ៉ូសែប​ចេញ​ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។

46 កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់

47 នៅ​ក្នុង​ឆ្នាំ​សម្បូរ​ទាំង​៧​នោះ ដី​បាន​បង្កើត​ផល​ជា​បរិបូរ

48 គាត់​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ក្នុង​រវាង​៧​ឆ្នាំ​នោះ ហើយ​បាន​ទុក​ស្បៀង​ទាំង​នោះ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ស្បៀង​ពី​ស្រែ​ចំការ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ណា នោះ​គាត់​បាន​ប្រមូល​ទុក​ក្នុង​ដី​ក្រុង​នោះ​ឯង

49 យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​នៅ​នា​សមុទ្រ ទាល់​តែ​គាត់​លែង​រាប់​ពី​ព្រោះ​រាប់​មិន​បាន

50 គ្រា​មុន​ដែល​កើត​មាន​ឆ្នាំ​អំណត់ នោះ​យ៉ូសែប​មាន​កូន​ប្រុស​២ ដែល​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ