លោកុប្បត្តិ 42:18-24 KHOV

18 លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ

19 បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ

20 រួច​ឲ្យ​នាំ​ប្អូន​ពៅ​ឯង​មក​ឯ​អញ​កុំ​ខាន យ៉ាង​នោះ​នឹង​បាន​ដឹង​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ផង គេ​ក៏​ធ្វើ​ដូច្នោះ

21 រួច​គេ​និយាយ​គ្នា​គេ​ថា ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ

22 នោះ​រូបេន​ឆ្លើយ​ឡើង​ថា តើ​អញ​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា កុំ​ឲ្យ​ធ្វើ​បាប​វា​ឡើយ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ មើល‌ន៏​ឥឡូវ​ឈាម​វា​បាន​ទារ​វិញ​ហើយ

23 គេ​មិន​ដឹង​ថា​យ៉ូសែប​ស្តាប់​បាន​ទេ ពី​ព្រោះ​មាន​អ្នក​បក​ភាសា​ឲ្យ

24 គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។