លោកុប្បត្តិ 42:25-31 KHOV

25 យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សំរាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ

26 គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ

27 លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ និង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ

28 គាត់​ក៏​ប្រាប់​ដល់​បង​ប្អូន​ថា ប្រាក់​ខ្ញុំ​គេ​បាន​ប្រគល់​មក​វិញ​ហើយ មើល មាន​នៅ​ក្នុង​បាវ​ខ្ញុំ​ឯ​ណេះ គេ​មាន​សេចក្ដី​តក់‌ស្លុត​គ្រប់​គ្នា ក៏​ងាក​បែរ​មើល​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​និយាយ​ថា តើ​ព្រះ​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ។

29 លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា

30 អ្នក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក

31 យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ