27 លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28 គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29 លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រ៉ាយរ៉ាប់ជំរាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា
30 អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
31 យើងខ្ញុំបានជំរាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ
32 ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33 តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសំរាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ