លោកុប្បត្តិ 42:5-11 KHOV

5 ដូច្នេះ ពួក​កូន​អ៊ីស្រា‌អែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ

6 ឯ​យ៉ូសែប គាត់​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ គឺ​គាត់​ហើយ ដែល​ជា​អ្នក​លក់​ស្រូវ​ឲ្យ​ដល់​បណ្តា​មនុស្ស​នៅ​ផែនដី ពួក​បង​គាត់​ក៏​ចូល​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់

7 កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ

8 យ៉ូសែប​ស្គាល់​ពួក​បង​ជាក់ តែ​គេ​មិន​ស្គាល់​គាត់​ទេ

9 គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ

10 តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ

11 យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ