12 ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោកគេច្រឡំ
13 រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
14 សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
15 គេក៏យកជំនូនទាំងនោះ និងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប
16 កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17 អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18 គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង