16 កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកដំរួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសំឡាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17 អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18 គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង
19 គេក៏ចូលទៅឯអ្នកដំរួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា
20 ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ
21 រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ
22 ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ