22 ក៏បានយកប្រាក់ផ្សេងសំរាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ
23 តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ
24 ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
25 ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
26 កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់
27 គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ហើយសុខសប្បាយជាទេឬ
28 គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។