លោកុប្បត្តិ 43:23-29 KHOV

23 តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ

24 ហើយ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ទាំង​យក​ទឹក​មក​ឲ្យ​លាង​ជើង រួច​គាត់​យក​ចំបើង​ឲ្យ​លា​គេ​ស៊ី​ដែរ

25 ឯ​គេ​ក៏​រៀប‌ចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។

26 កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់

27 គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់​ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ

28 គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។

29 លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ា‌មីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង