លោកុប្បត្តិ 43:6-12 KHOV

6 នោះ​អ៊ីស្រា‌អែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត

7 គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ

8 នោះ​យូដា​ក៏​អង្វរ​អ៊ីស្រា‌អែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់

9 ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ

10 ដ្បិត​បើ​យើង​ខ្ញុំ​មិន​បាន​បង្អង់​នៅ នោះ​ប្រាកដ​ជា​យើង​ខ្ញុំ​បាន​ទៅ​មក​២​សា​ហើយ

11 អ៊ីស្រា‌អែល​ជា​ឪពុក​ក៏​ប្រាប់​ថា បើ​ដូច្នេះ​ធ្វើ​យ៉ាង​នេះ​ចុះ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ​ដាក់​ចុះ​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា​យក​ទៅ​ជូន​លោក​ផង គឺ​ជ័រ​ពិដោរ និង​ទឹក​ឃ្មុំ​បន្តិច ព្រម​ទាំង​គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ឈើ និង​គ្រាប់​ចំបក់

12 ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោក​គេ​ច្រឡំ