19 លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ
20 នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់
21 តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង
22 យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ
23 តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត
24 ដូច្នេះកាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់
25 រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសំរាប់យើងទៀត