2 ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាដំឡៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប
3 លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ និងលារបស់គេដែរ
4 តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ
5 តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។
6 អ្នកនោះក៏ទៅបានទាន់គេ ហើយនិយាយនឹងគេតាមពាក្យទាំងនោះ
7 គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ
8 មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន