លោកុប្បត្តិ 45:17-23 KHOV

17 រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ

18 រួច​នាំ​យក​ឪពុក និង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ

19 ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា​ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ

20 កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។

21 ពួក​កូន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង

22 គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង និង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ា‌មីន

23 រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ