2 គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង
3 គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់
4 តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ
5 ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក
6 ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ
7 ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ
8 ដូច្នេះមិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង