24 គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។
25 គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន
26 ក៏ជំរាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
27 តែគេជំរាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសំរាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង
28 ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណេះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់។