លោកុប្បត្តិ 47:11-17 KHOV

11 យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក

12 យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក និង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។

13 នៅ​គ្រប់​ក្នុង​ស្រុក​នោះ​គ្មាន​អ្វី​បរិភោគ​សោះ ដ្បិត​អំណត់​អត់​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ

14 យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​ដំឡៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន

15 រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី

16 យ៉ូសែប​ក៏​ប្រាប់​ថា បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក នោះ​ខ្ញុំ​នឹង​ឲ្យ​ស្បៀង​អាហារ​ប្តូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ

17 គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ