13 នៅគ្រប់ក្នុងស្រុកនោះគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់អត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាស្រុកអេស៊ីព្ទ និងស្រុកកាណានបានហិនហោចទៅ ដោយព្រោះអំណត់នោះ
14 យ៉ូសែបប្រមូលប្រាក់ដែលមាននៅស្រុកអេស៊ីព្ទ ហើយនៅស្រុកកាណានទាំងអស់ ជាដំឡៃនៃស្រូវដែលគេទិញនោះ ក៏បញ្ចូលទុកក្នុងឃ្លាំងរបស់ផារ៉ោន
15 រួចកាលប្រាក់ស្រុកអេស៊ីព្ទ និងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី
16 យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ
17 គេក៏នាំយកហ្វូងសត្វមកឯយ៉ូសែប ហើយគាត់ឲ្យស្បៀងអាហារដល់គេប្តូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា នៅឆ្នាំនោះគាត់ឲ្យស្បៀងអាហារចិញ្ចឹមគេដោយប្តូរនឹងហ្វូងសត្វ
18 ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ
19 ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។