លោកុប្បត្តិ 47:16-22 KHOV

16 យ៉ូសែប​ក៏​ប្រាប់​ថា បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក នោះ​ខ្ញុំ​នឹង​ឲ្យ​ស្បៀង​អាហារ​ប្តូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​វិញ

17 គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ឯ​យ៉ូសែប ហើយ​គាត់​ឲ្យ​ស្បៀង​អាហារ​ដល់​គេ​ប្តូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា នៅ​ឆ្នាំ​នោះ​គាត់​ឲ្យ​ស្បៀង​អាហារ​ចិញ្ចឹម​គេ​ដោយ​ប្តូរ​នឹង​ហ្វូង​សត្វ

18 ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ

19 ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។

20 យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

21 ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង

22 សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។