លោកុប្បត្តិ 47:20-26 KHOV

20 យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់

21 ឯ​ពួក​រាស្ត្រ គាត់​ឲ្យ​គេ​ចូល​ទៅ​នៅ​ក្នុង​ទី​ក្រុង​ពី​ព្រំ​ស្រុក​អេស៊ីព្ទ​ម្ខាង​ទៅ​ដល់​ចុង​ម្ខាង

22 សល់​នៅ​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​គាត់​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន លោក​ឆាន់​ចំណែក​ដែល​ផារ៉ោន​ប្រគេន ហេតុ​នោះ​បាន​ជា​លោក​សង្ឃ​មិន​លក់​ដី​របស់​ខ្លួន​ទេ។

23 យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ

24 ដល់​រដូវ​ចំរូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សំរាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ និង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សំរាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា

25 គេ​ក៏​ឆ្លើយ​ថា លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ចុះ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​ផារ៉ោន

26 យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។