លោកុប្បត្តិ 47:23-29 KHOV

23 យ៉ូសែប​ប្រកាស​ដល់​ប្រជា‌ជន​ទាំង‌ឡាយ​ថា នែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​ពូជ​ឲ្យ​ដល់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ

24 ដល់​រដូវ​ចំរូត នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​១​ភាគ​ក្នុង​៥​មក​ថ្វាយ​ដល់​ផារ៉ោន​វិញ ហើយ​៤​ភាគ​ទៀត​ទុក​សំរាប់​អ្នក​រាល់​គ្នា គឺ​ទុក​ជា​ពូជ​ពង្រោះ និង​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រម​ទាំង​ពួក​គ្រួ​អ្នក​រាល់​គ្នា​ផង ហើយ​សំរាប់​នឹង​ចិញ្ចឹម​កូន​ចៅ​អ្នក​រាល់​គ្នា

25 គេ​ក៏​ឆ្លើយ​ថា លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ចុះ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​បាវ​បំរើ​ដល់​ផារ៉ោន

26 យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះ​ពី​ដំណើរ​ដី​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​៥​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​ទៅ​ជា​របស់​ផង​ផារ៉ោន។

27 ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចំរើន​កើន​ឡើង​សន្ធឹក

28 យ៉ាកុប​គាត់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​១៧​ឆ្នាំ នោះ​អាយុ​យ៉ាកុប​បាន​១៤៧​ឆ្នាំ​ហើយ

29 វេលា​ដែល​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ នោះ​កាន់​តែ​ជិត​ដល់ គាត់​ហៅ​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា បើ​ឯង​អាណិត​ដល់​អញ​ឥឡូវ នោះ​ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅអញ​ស្បថ​ថា ឯង​នឹង​ប្រព្រឹត្ត​ចំពោះ​អញ​ដោយ​សប្បុរស​ហើយ​ពិត​ត្រង់ គឺ​មិន​កប់​សព​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ